កូរ៉េខាងត្បូង បង្ហាញគំរូយន្តហោះចម្បាំងដែលផលិតក្នុងស្រុកជាលើកដំបូង
(កូរ៉េខាងត្បូង)៖
នៅថ្ងៃទី៩ ខែមេសា បានដាក់តាំងគំរូយន្តហោះចម្បាំងប្រភេទ KF-21 Boramae
ដែលផលិតនៅក្នុងស្រុកជាលើកដំបូង។ យន្តហោះចម្បាំងប្រភេទនេះ
នឹងប្រើប្រាស់សាក ល្បងនៅ ក្នុងឆ្នាំ ២០២២ខាងមុខ
ហើយទាមទារអភិវឌ្ឍឱ្យចប់សព្វគ្រប់នៅត្រឹមឆ្នាំ ២០២៦ ឯណោះ។ នាទីក្រុងSacheon យន្តហោះចម្បាំង KF-21 Boramae
ត្រូវបានដាក់បង្ហាញជាលើកដំបូង នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Korea
Aerospace។ យន្តហោះដែលមានពណ៌ប្រផេះមួយនេះ
ត្រូវបានអភិវឌ្ឍក្រោមគម្រោងរបស់កូរ៉េខាងត្បូងមួយ ដែលចំណាយទឹកប្រាក់
៧,៩ពាន់លានដុល្លារដើម្បីជំនួសយន្តហោះចម្បាំង F-4 និង F-5។
យន្តហោះចម្បាំង ដែលជាផលិតផលក្នុងស្រុកមួយនេះ មានទម្ងន់ ៧៧០០គីឡូក្រាម
និងមានកន្លែងដាក់មីស៊ីល ឬអាវុធផ្សេងៗចំនួន ១០កន្លែង
ហើយថែមទាំងមានសមត្ថភាពហោះបាន ២,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap
យន្តហោះប្រភេទនេះ អាចហោះបានចម្ងាយ ២៩០០គីឡូម៉ែត្រ។
នៅក្នុងពិធីដាក់បង្ហាញនេះ ទីភ្នាក់ងារលទ្ធកម្មយោធា បានអះអាងថា
ការដាក់បង្ហាញយន្តហោះចម្បាំងប្រភេទថ្មីនេះ គឺជាជំហានដ៏សំខាន់មួយ
ដែលកូរ៉េខាងត្បូង នឹងត្រូវឈានដល់ដំណាក់កាលមួយទៀត គឺការសាកល្បងយន្តហោះតែម្តង
បន្ទាប់ពីផ្គុំរួច។ យ៉ាងណាមិញ យន្តហោះចម្បាំង KF-21 Boramae
នឹងដាក់ឱ្យសាកល្បងនៅក្នុងឆ្នាំ ២០២២ ខណៈការអភិវឌ្ឍឱ្យចប់សព្វគ្រប់
គឺត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៦។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បានចាត់ទុកយន្តហោះចម្បាំង
ប្រភេទថ្មីនេះថា
នឹងដើរតួនាទីដ៏សំខាន់នៅក្នុងកងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង។ ស្របគ្នានេះ
លោកបានហៅ កម្មវិធីដាក់បង្ហាញយន្តហោះចម្បាំង ជាការបើកទំព័រសម័យថ្មី
នៅក្នុងវិស័យការពារជាតិ
និងជាពេលវេលាដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មផ្នែកអវកាសកូរ៉េខាងត្បូង។
បើតាមការគ្រោងទុក កូរ៉េខាងត្បូង
នឹងដាក់ឱ្យប្រើប្រាស់យន្តហោះចម្បាំងប្រភេទថ្មីនេះ ឱ្យបានចំនួន ៤០គ្រឿង
ត្រឹមឆ្នាំ២០២៨ និង ៨០គ្រឿង ត្រឹមឆ្នាំ២០៣២។ ប្រសិនបើកូរ៉េខាងត្បូង
អាចសម្រេចលើការអភិវឌ្ឍយន្តហោះចម្បាំងប្រភេទ KF-21 Boramae បានមែន
ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងកើតមួយនេះ នឹងក្លាយជាប្រទេសទី១៣
ដែលអាចអភិវឌ្ឍយន្តហោះចម្បាំងបានដោយផ្ទាល់។
ក្នុងពិធីដាក់សម្ពោធយន្តហោះចម្បាំងជំនាន់ទី៤,៥ខាងលើ លោក មូន
បានចូលរួមជាអធិបតី រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាល មន្រ្តីយោធា
និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ។ ឥណ្ឌូណេស៊ី
ជាដៃគូអភិវឌ្ឍគម្រោងយន្តហោះចម្បាំងនេះ។
នៅក្នុងសារវីដេអូ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ
ក៏បានផ្ញើសារអបអរសាទរ និងសង្ឃឹមថា ការដាក់សម្ពោធយន្តហោះប្រភេទថ្មីនេះ
នឹងបន្តនាំផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ។
ជាការឆ្លើយតប លោកមូន បានអះអាងថា ក្រុងសេអ៊ូល និងក្រុងហ្សាការតា
នឹងមានវត្តមានជាមួយគ្នារហូតដល់ការអភិវឌ្ឍត្រូវបានបញ្ចប់៕
Comments
Post a Comment