តើនយោបាយស៊ីសាច់ឯង នៃរបបយោធាផ្ដាច់ការមីយ៉ាន់ម៉ា​ នឹងដើរដល់ទីអវសាននៅពេលណា?

        គិតមកដល់ថ្ងៃនេះ មានរយៈពេលប្រហែល៣ខែមកហើយ នៃព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងសហព័ន្ធសហាភាពមីយ៉ាន់ម៉ា។ មេដឹកនាំកំពូលៗ របស់រដ្ឋាភិបាលភូមា ដែលរួមមាន លោកស្រី អង់ សានស៊ូជី(Aung San Suu Kyi), លោកប្រធានាធិបតី វីន មីន (Win Myint) ក៏ដូចជា មន្រ្តីរដ្ឋការនៃ រដ្ឋាភិបាលស៊ីវិល និងសមាជិកសមាជិកា ដោយរាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់មេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានក្រុមយោធា និងប៉ូលីសចាប់ខ្លួនជាបន្តបន្ទាប់។
     

 


 រដ្ឋប្រហារដ៏គួរឲ្យស្អប់ខ្ពើម ក្នុងផ្នត់គំនិត អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ នាសតវត្សទី២១នេះ បានចាប់ផ្ដើមឡើងដោយស្ងៀមស្ងាត់ ពោលគ្មានការផ្ទុះអាវុធ និងគ្មានការបង្ហូឈាមអ្វីឡើយ។ ទោះបីយ៉ាងណាក៏ដោយ រំលងបានតែមួយថ្ងៃ ឬពីរថ្ងៃ ពលរដ្ឋភូមា ដែលទើបតែស្គាល់រសជាតិជីវិតក្នុង សង្គមលទ្ធិប្រជាធិបតេយ្យ ទើបតែបានប្រហែល១០ឆ្នាំ ចេញមកប្រឆាំងភ្លាមៗ ចំពោះអំណាចយោធា ដោយពួកគេមិនព្រមអោបដៃឈមើល ប្រទេសជាតិវិលទៅរករបបផ្ដាច់ការ ដូចក្នុងអតីតកាលសាជាថ្មីឡើយ។ ជាការពិតណាស់ តាមរយៈរដ្ឋប្រហារ ដែលមតិសាធារណៈទូទៅ ចាត់ទុកថាជាការប្លន់អំណាច បានធ្វើឲ្យមានការមិនពេញចិត្ដ ពីសំណាក់មជ្ឈដ្ឋានពលរដ្ឋភូមាផ្ទាល់ ក៏ដូចជាបណ្ដាប្រទេសនិយមលទ្ធិប្រជាធិបតេយ្យធំៗ ក្នុងតំបន់ ក៏ដូចជាបស្ចឹមលោក ជាពិសេស សហរដ្ឋអាមេរិក និងសមាគមអឺរ៉ុប។ ជាប្រតិកម្មឆ្លើយតបទៅនឹង រដ្ឋប្រហារ ដែលដឹកនាំដោយ ឩត្ដមសេនីយ៍ឯក Min Aung Hlaing ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ដែលរួមមាន ជនស៊ីវិល សិស្សនិស្សិត សិល្បៈករសិល្បការនី និយាយរួម គឺពលរដ្ឋមីយ៉ាន់ម៉ា ស្ទើតែទាំងអស់អស់ បានប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មអហឹង្សា ដើម្បីទាមទា ពួកយោធា ប្រគល់អំណាចជូន គណបក្ស សម្ព័នជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ National League for Democracy របស់លោកស្រី អង់ សានស៊ូជី(Aung San Suu Kyi) ដែលជាគណបក្សឈ្នះឆ្នោតវិញ។ 

 


 ពីមួយថ្ងៃ ទៅមួយថ្ងៃ បាតុកម្ម នៅតែបន្ដ នៅតាមរដ្ឋធានី ទីក្រុង និងទីប្រជុំជនសំខាន់ៗ មិនតែប៉ុណ្ណោះ​ វាបានទាក់ទាញ សាធារណៈជន ឲ្យមកចូលរួមកាន់តែច្រើនទៅច្រើនទៅ ដោយក្នុងនោះ​ សិស្សនិស្សិត ផ្អាកការសិក្សា មន្ត្រីរដ្ឋ បុគ្គលិកស្ថាប័នឯកជនមួយចំនួនធំ មានទាំងពេទ្យ ប៉ូលីស វិស្វករ កម្មករ បានចាប់ផ្ដើមបោះបង់ការងាររបស់ខ្លួន ហើយ មកចូលរួមចលនាបាតុកម្មទ្រង់ទ្រាយធំ ក្នុងបំណងការពារ សិទ្ធិសេរីភាព និង សន្លឹកឆ្នោតរបស់ពួកគេ។ ដោយមើលឃើញ ពីការរីកកាន់តែធំឡើងៗ នៃចលនាបាតុកម្មទូទាំងប្រទេស ពីស្រទាប់អ្នកស្នេហាប្រជាធិបតេយ្យ អាចជាមូលហេតុចំបងមួយ ដែលបង្ខំឲ្យយោធា ចាប់ផ្ដើមប្រើប្រាស់ធម៍ក្ដៅ ប្រឆាំងនឹងអ្នកតវ៉ាស្លូតត្រង់។ អំណាចយោធា ផ្ដាច់ការ ក្រោមបញ្ជាផ្ទាល់ពី លោកឩត្ដមសេនីយ៍    Min Aung Hlaing បានបើកការបង្កា្របមួយគឺ បានបាញ់ទៅលើបាតុករ ដោយប្រើគ្រាប់កាំភ្លើងជ័រ បាញ់ទឹគ និង បាញ់ឩស្ម័នបង្ហូរទឹកភ្នែក។ 

 


ក្រុមបាតុកម្មមីយ៉ាន់ម៉ា ប្រមូលផ្ដុំគ្នានៅក្នុងតាមផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងរបបរដ្ឋប្រហារ

ទោះបីយ៉ាងណាក្ដី ក្រុមអ្នកតវ៉ាដែលមានចិត្តមុះមុត មិនរាថយ នៅតែបន្ដធ្វើបាតុកម្មដដែល ហើយហើយបាតុកម្មកាន់តែរីកមាឌធំជាងមុនទៅទៀត ដែលពួកយោធា គិតថានេះគឺជាសញ្ញាណគំរាមគំហែងមួយដល់ពួកគេក្នុងការគ្រប់គ្រងប្រទេសបណ្ដោះអាសន្ន។ ជាទីបញ្ចប់ ពួកយោធា ក្រោមបញ្ជាផ្ទាល់ពី លោកឩត្ដមសេនីយ៍  Min Aung Hlaing បានជ្រើសរើសយកការបង្រ្កាបដោយហឹង្សា និងសាហាវ តទល់នឹងក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ។ មានពលរដ្ឋភូមាជាច្រើនរយនាក់ ត្រូវបានសម្លាប់ នៅគ្រប់ទីតាំងបាតុកម្មផ្សេងៗគ្នា ដោយយុវតីមួយរូប គឺត្រូវបានសម្លាប់ដំបូងគេ បន្ទាប់ពីនាងត្រូវបានបាញ់ចំក្បាល ពីសំណាក់កងម្លាំង។ ទីបំផុតស្ថានការណ៍កាន់តែតានតឹងជាងមុន ដោយភាគីអ្នកតវ៉ា មិនព្រមដកថយជាដាច់ខាត ទោះបីប្រឈមមុខនឹងការសម្លាប់ ឬចាប់ខ្លួន។ រីឯខាងភាគីយោធានោះវិញ ក៏ដូចគ្នា មិនព្រមបន្ទន់ជំហ៊ ថែមទាំងបានថ្លែងការ ថានឹងបាញ់ចំក្បាល ចំពោះជនណាដែលហ៊ានចេញមកតវ៉ាទៀតផង។ តាមរយៈសារគំរាមនេះហើយ បានជាការវាយបង្រ្កាបយ៉ាងបង្ហូរឈាម កាន់តែសាហាវជាងមុនទ្វេដង ដោយក្នុងនោះ មានជនស៊ីវិលជាច្រើននាក់ស្លាប់ជាបន្តបន្ទាប់។ ទោះបីយ៉ាង ណាក៏ដោយ ការបង្រ្កាបមិនត្រូវបានផ្អាកនោះទេ ហើយចំនួនបាតុករ​ ដែលបាត់បង់ជីវិត មានចំនួនច្រើនជាងគេនោះគឺ នៅថ្ងៃដែលពួកយោធា ប្រារព្ធពិធី រំលឹកខួបយោធាប្រចាំឆ្នាំ ដែលតួលេខកើនដល់២៦០នាក់។ 

 


សកម្មភាពក្រុមបាតុករ ព្យាយាមជួយសង្រ្គោះ ជនរងគ្រោះដោយសារ
ការបាញ់ប្រហារពីសំណាក់យោធា


ស្ថានភាពក្នុងប្រទេសទាំងមូលកំពុងស្ថិតក្នុងភាពអាសន្ន បញ្ហាធំៗ៣ ដែលពួកយោធា កំពុងតែជួបប្រទះនោះគឺ ការតទល់ជាមួយបាតុករ ការប៉ះទង្គិចគ្នារវាងនឹងកងទ័ពឯករាជ្យ កាឈីន ការ៉ែន និង ប្រតិកម្មរបស់សហគមន៍អន្តរជាតិ។
ជាការពិតណាស់ ចាប់តាំងពីមានអំពើរដ្ឋប្រហារ បណ្ដេញលោកស្រី
Aung San Suu Kyiចេញពីតំណែងមក បណ្ដាប្រទេសប្រជាធិបតេយ្យ សមាគមន៍អាស៊ាន បានចេញមុខថ្កោលទោសដល់យោធាមីយ៉ាន់ម៉ា ព្រមៗគ្នា។ ជាពិសេស នោក្រោយពេលដែល កងកម្លាំងសន្តិសុខភូមា ចាប់ផ្ដើមកាប់សម្លាប់ បាតុករអហឹង្សា ដែលចេញតវ៉ាតាមដងផ្លូវយ៉ាងព្រៃផ្សៃ ធ្វើបិតាប្រជាធិបតេយ្យ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប បណ្ដារប្រទេសក្នុងតំបន់ ដូចជា ជប៉ុន កូរ៉េ និង សមាជិកអាស៊ាន រួមមានដូចជាថៃ ឥណ្ឌូនេស៊ី សឹង្ហបុរី និងវៀតណាម ចេញមុខថ្កោលទោសកាន់តែខ្លាំំងឡើងៗ​ ចំពោះក្រុមយោធា។ មែនទែនទៅ ប្រទេសជាសមាជីកនៃអង្គការសហប្រជាជាតិ​ ដែលមានទឹកមាត់ប្រៃ តួយ៉ាងដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន កូរ៉េ ឥណ្ឌា បានទទូចឲ្យ ក្រុមយោធាបញ្ឈប់រាល់ការកាប់សម្លាប់ជនស៊ីវិលជាបន្ទាន់ ហើយ ប្រគល់អំណាចដល់រដ្ឋបាលស៊ីវិល របស់គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ ជាមួយនឹងការគំរាមចាត់វិធានការក្ដៅមួយ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ នៅទីបំផុត សារគំរាមនេះ បានលេចចេញជារូបរាងពិតប្រាកដមែន ដោយគេឃើញថា ទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លា របស់យោធា ត្រូវបានបង្កក ហើយទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ ជាមួយនឹងបណ្ដាប្រទេសទាំងនោះ ចត្រូវបានកាត់ផ្ដាច់ជាបន្តបន្ទាប់គ្នា។ បញ្ហាផ្សេងៗមួយទៀត របស់ក្រុមយោធា នោះគឺ ការប្រឈមមុខគ្នាដោយអាវុអសាជាថ្មី ទល់ជាមួយនឹង ក្រុមទាហានបំបែករដ្ឋ កាឈីន និង ការ៉ែន ក្រោយពីទ័ពព្រៃទាំងនេះ បានប្រកាសក្ដែងៗថា ពួកគេនឹងនៅជាមួយបាតុករ និងពលរដ្ឋ ដោយត្រៀបអាវុធប្រយុទ្ធរួចជាស្រេច ក្នុងការប្រឆាំងនឹងរបបផ្ដាច់ការយោធា បើសិនជាកងកម្លាំងយោធា មិនបញ្ឈប់ការសម្លាប់រង្គាលនូវជីវិតបាតុករស្លូតត្រង់នោះទេ។ អញ្ចឹងហើយ បានជាក្រោយមក មានការវាយប្រយុទ្ធគ្នា រវាង កងទ័ពភូមា និង យោធាឯករាជ្យកាឈីន នៅតំបន់មួយចំនួន ដែលធ្វើឲ្យមានទាហាន ជនស៊ីវិល ស្លាប់ និងរបួសជាបន្តបន្ទាប់។ អ្វីដែលកាន់តែធ្ងន់ធ្ងនោះគឺ ថ្មីៗនេះ កងកម្លាំងបំបែករដ្ឋកាឈីន បានវាយប្រហារលើមូលដ្ឋានយោធាតាម៉ាដាវមួយកន្លែង ដោយដណ្ដើមកាន់កាន់ទាំងស្រុង រួមទាំងប្រហារជីវិត យោធាភូមាចំនួន១០នាក់ផងដែរ។ ទោះយ៉ាងណាក្ដី ភាគីយោធាភូមា បានធ្វើការឆ្លើយតប សងសឹកវិញភ្លាមៗ ​តាមរយៈ កាបើកការវាយប្រហារផ្លូវអាកាសមកលើមូលដ្ឋានទ័ពកាឈីន និងតាមភូមិស្រុកមួយចំនួន ដែលមានពលរដ្ឋកាឈីនរស់នៅ ដើម្បីដណ្ដើមតំបន់នោះមកកាន់កាប់ឡើងវិញ។ 

 

កងទ័ពឯករាជ្យផ្ដាច់ទឹកដី kachin

កងទ័ពឯករាជ្យផ្ដាច់ទឹកដី karen

ក្រោមរូមភាពទាំងអស់នេះ វាបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមរដ្ឋប្រហារយោធា កំពុងតែស្ថិតក្នុងស្ថានភាពមួយដ៏តានតឹង ក្នុងការគ្រប់គ្រងប្រទេស ជាបណ្ដោះអាសន្ន។ ក្នុងនោះ សម្ពាធពីអន្តរជាតិ ប្រទេសជាដៃគូ និងបណ្ដាសម្ព័ន្ធមិត្តក្នុងតំបន់ គឺជារឿងមួយឈឺក្បាល សំរាប់យោធា ក្នុងការបន្តដង្ហើមសេដ្ឋកិច្ច កំឡុងពេលកាន់កាប់អំណាចដោយខុសច្បាប់របស់ខ្លួន។ សំរាប់យោធា កាន់តែយ៉ាប់យ៉ឺន ពិបាករស់ នៅត្រង់ មកដល់ពេលនេះ សេដ្ឋកិច្ចភូមា ត្រូវពឹងស្ទើតែទាំងស្រុង លើកម្ចី និងជំនួយបរទេស ជាពិសេសត្រូវពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសលោកសេរីជាច្រើន។ ហេតុដូច្នេះហើយ ការធ្វើនយោបាយរដ្ឋប្រហារនេះ ហាក់ជាទង្វើមួយដែលកំពុងតែខ្ទប់ដង្ហើមខ្លួនឯង ជាអត្តឃាតកម្ម ចំពោះក្រុមខ្លួនឯងផង និង សេដ្ឋកិច្ចភូមាទាំងមូល។ នៅចំពោះមុខឯណេះវិញ ចលនាបាតុកម្ម កាន់តែរីធំឡើង ឥតថមថយ បើទោះបី ជាមានការវាយបង្រ្កាបដ៏បង្ហូរឈាមយ៉ាងណាក្ដី ទាំងនេះជាសញ្ញាមួយដែលគួឲ្យបារម្ភសំរាប់ពួកយោធា ក្នុងការបន្តដឹកនាំប្រទេសបន្តទៀត ហើយអាចនឹកគ្រប់គ្រងលែងបាន រហូតរុញផ្ទប់ពួកគេជាមួយនឹងជញ្ជាំង។ រីឯនៅម្ខាងទៀត ក្នុងប្រទេសភូមានេះផងដែរ គឺការប្រឈមមុខ ការប្រយុទ្ធជាមួយ អង្គការប្រដាប់អាវុធធំៗ ដែលបង្ហាញជំហគាំទ្របាតុករ ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យត្រលប់មកវិញ។ 


កិច្ចប្រជុំ របស់ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយ វិបត្ដិនយោបាយក្នុងប្រទេសមីយ៉ានម៉ា

 

សរុបសេចក្ដីមក ប្រតិកម្មប្រឆាំង ពីសំណាក់អន្តរជាតិ និង ការប្រឆាំងយ៉ាងដាច់អហង្កាពីមជ្ឈដ្ឋានពលរដ្ឋភូមា ក៏ដូចជា រដ្ឋនៃជនជាតិភាគតិចធំៗ ជាកម្លាំងកំណាចមួយ ដែលរុញច្រានក្រុមរដ្ឋប្រហារយោធាផ្ដាច់ការមីយ៉ាន់ម៉ា​ ក្រោមការដឹកនាំរបស់លោកឩត្ដមសេនីយ៍  Min Aung Hlaing ឲ្យដើរដល់ផ្លូវទាល់ និងចុងក្រោយ គឺបរាជ័យក្នុងការក្ដោបអំណាច។

ជាចុងក្រោយ យើងអាចទាញជាសំនួរមួយ ថា តើរបបរដ្ឋប្រហារ អាចដើរដល់ទីបញ្ចប់ដែរឬទេ? ហើយបើថ្ងៃអវសាន នោះពិតជាមានមែន តើវានឹងមកដល់នូវពេលណា?

សូមស្ដាប់កិច្ចសន្ទនាគ្នា រវាងលោក ប៉ែន បូណា និង លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជុំវិញព្រិត្តិការណ៍យោធា និងស្ថានភាពទូទៅនៃប្រទេសមីយ៉ាន់ម៉ា ក្រោមការកាន់អំណាចរបស់ក្រុមរដ្ឋប្រហាយោធា?

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

Comments

Post a Comment

Popular posts from this blog

អ្នកនយោបាយម្នាក់ចេញពីមឈូស ធ្វើជាយុទ្ធវិធី ឃោសនារកសំឡេងគាំទ្រ

រន្ទះបាញ់ខែចេត្រ ផ្ដាច់ជីវិតស្ត្រីចំណាស់ម្នាក់កណ្ដាលចំការ

ម៉ាស៊ីនចំរោះទឹកនិងបន្សុទ្ធទឹក