បន្ទប់គ្រែតូច
ក្មេងប្រុសស្រីពិរនាក់ បានចាកចេញពីស្រុកកំណើត ជាមួយគ្នា មករកការងារធ្វើនៅភ្នំពេញ។ ដើមឡើយ ពួកគេជាសិស្សកំរិតវិទ្យាល័យ ប៉ុន្តែវត្តមានរបស់ជម្ងឺឆ្លងកូវីត១៩ បានមកដល់ប្រទេសខ្មែរ ជាបញ្ហាជាន់លើភាពក្រីក្រ បង្ខំឲ្យយុវជនយុវតី សំរេចចិត្តឈប់រៀនដោយក្តីអាល័យ។ អតីតយុវសិស្ស ជាគូស្នេហ៍នឹងគ្នា ប៉ុន្តែចំណងស្នេហ៍ក្មេងខ្ចី មិនត្រូវបានសាទរពីសំណាក់គ្រួសារទាំងសងខាងឡើយ ដោយហេតុតែ ពួកគេស្ថិតនៅជាភាពជាអនីតជននៅឡើយ។ ម្យ៉ាងដោយសារចន្ទ នាងរូបឆោមឡោមពណ៏ស្រស់ល្អ ទើបម្តាយឪពុក ចង់ទុកដាក់ជាមួយអ្នកមានទ្រព្យធន។ បំណងរបស់ភាគីគ្រួសារខាងស្រី ប្រហារចិត្តស្មោះ យុវជនឃា ដោយឈាមត្រជាក់ ត្បិតនាយជាមនុស្សមកពីគ្រួសារក្រីក្រ សូម្បីតែស្រែភ្លឺមួយក៏គ្មានធ្វើផង។ ១៦ និង១៧ឆ្នាំ នៃវត្តមានរបស់គេលើផែនដី គឺវាខ្លីខ្លាំង គំនិតខ្លី មិនអាចគិតអ្វីឲ្យបានវែងឆ្ងាយ រហូតលង់ក្នុងអំណាចស្នេហា ហ៊ានលះបង់គ្រប់អ្វីៗ សូម្បីតែគ្រួសារ និងកិត្តិយស។ សេចក្តីស្នេហាដ៏ពុះពោរ និមិត្តជាក្បូន សណ្តោងពួកគេរហូតមកដល់ភ្នំពេញ ក្រោយធ្វើការសំរេចចិត្តរួមគ្នាដោយតាន់តឹងបំផុតមួយ គឺសុខចិត្តចុះចោលគ្រួសារ រត់តាមបេះដូងរបស់ខ្លួនឯង។ ភ្នំពេញ, ទីស្ថានជាទីប្រាថ្នានៃមនុស្សគ្រប់គ្នា ហាក់ធំល្ហល្ហេវពេកហើយ ចំពោះ ក្មេងប្រុសស្រីជំទង់ ដែលពុំធ្លាប់រស់នៅឆ្ងាយពីគ្រួសារបងប្អូនទាល់តែសោះ។ យុវជនឃា មានតែខោអាវមួយបង្វិច និងទូរសព្ទដៃចាស់មួយ រីឯដៃគូស្នេហា, នាងចន្ទមានតែពុំមានអ្វីជាប់ខ្លួន ឡើយ ក្រៅពីលុយប្រាំមួយម៉ឺនរៀល និងអង្ករមួយការ៉ុង ជាមួយនឹងខោសាច់ក្រណាត់ត្រឹមក្បាល ជង្គង់ ស្បែកជើងផ្ទាត់ប្រឡាក់សុទ្ធតែដីឡើងខ្មៅ មើលទៅគួរឲ្យអាសូរជាពន់ពេក។ ជីវិតពិតមាន សំណាង ចន្ទបានជួបមិត្តនាងដោយចៃដន្យ នៅម្តុំក្បាលថ្នល់ ខណៈពេលដែលកំពុងឈររេរ៉ ដោយពុំមានទិសដៅច្បាស់លាស់។ បុប្ផា ដែលជាមិត្តរបស់ចន្ទ តាំងតែពីនៅស្រុក បានជិះម៉ូតូ ដឹកគូស្នេហ៍ទាំងពីរទៅផ្ទះនៅចាក់អង្រែក្រោម ហើយឲ្យពួកគេសំរាកសិន ព្រមទាំងរៀបចំបាយទឹក ឲ្យហូប។ ចន្ទមានបំណងលាក់មិនបុប្ផាដឹងឡើយ អំពីរឿងរ៉ាវចុះចោលផ្ទះ ប៉ុន្តែឃា មិនយល់ព្រម ទេ ដោយបានរៀបរាប់ពីដំណើរដើមទងសព្វគ្រប់ឥតចន្លោះ។ បុប្ផា ក៏មិនមានប្រតិកម្មអ្វីខ្លាំងដែរ គ្រាន់តែបាន ស្តីបន្ទោសខ្លះទៅចន្ទជាមិត្តរបស់ខ្លួន។ បុប្ផា ក៏បានស្នើឲ្យ គូស្នេហ៍ទាំងពីរនាក់ ស្នាក់នៅបន្ទប់ជួលរបស់ខ្លួនបណ្តោះអាសន្ន ដោយហេតុថា ពួកគេមិនទាន់មានកន្លែងណាត្រូវទៅ ឡើយ។
រាត្រីកាលចូលមកដល់ រាជធានីភ្នំពេញ ប្រែកាយក្លាយជាឋានសួគ៏មួយពព្រិចភ្នែក ជាឱកាសល្អ បុប្ផា បាននាំមិត្តទាំងពីរ ទៅដើរលេងកន្លែងមួយចំនួននៃទីក្រុង និងជាពិសេសមណ្ឌលកំសាន្ត កោះពេជ្រដែលជាទីពេញនិយមសំរាប់មនុស្សទូទៅនៅទីក្រុង។ ទិដ្ឋភាព នៅទីក្រុង ដែលមានតែភាពអូអរ ពិតជាជាគ្រឿងអន្ទងចិត្តដ៏មានប្រសិទ្ធភាពមែន ពួកគេបំភ្លេចចោលភាពភ៏យខ្លាច ភាពស្មុគស្មាញ ក្តីកង្វល់ ភ្លេចទាំងក្តីស្រលាញ់ ការបារម្ភរបស់ ឪពុកម្តាយ ដែលកំពុងឆ្លេរឆ្លា ស្រែកផងយំផង ដោយសារតែបាត់ដំណឹងកូន។ ចន្ទ និង ឃា ជាគូស្នេហ៍ សើចសប្បាយ ដោយដក់ជាប់នឹងភាពសម្បូរបែប ភាពស៊ីវិល័យ នៃទីក្រុងភ្នំពេញ ដែលជាឋានសួគ៏និមិត្តនេះ ទន្ទឹមគ្នា នឹងសម្លេងយំខ្សឹកខ្សួលរបស់គ្រួសារ ឪពុកម្តាយ បងប្អូន ស្ទើពេញមួយរាត្រីកាល។
រំលងបានពីបីថ្ងៃក្រោយមក ចន្ទត្រូវបាន ណែនាំឲ្យទៅចូលធ្វើការនៅហាងនំប៉័ងមួយ នៅម្តុំចាក់ អង្រែលើ រីឯឃាជាដែគូ ក៏រកបានការងារដែរ គឺជាអ្នកលើបន្លែនៅ ផ្សារបន្លែដ៏ល្បីគឺផ្សារដើមគរ។ បុប្ផា បានផ្តល់កងកញ្ចាស់មួយឲ្យ ចន្ទ និង ឃា ជាមធ្យាបាយជិះទៅធ្វើ់ការ ហើយឲ្យពួកគេជួលបន្ទប់ មួយ ដែលមានទីតាំងមិនឆ្ងាយពីបន្ទប់ជួលរបស់នាងឡើយ។ បុប្ផា ពិតជាមានចិត្តល្អខ្លាំងណាស់ នាងបានឲ្យប្រាក់ ចន្ទ និងឃាខ្ចីខ្លះ សំរាប់បន្ទប់ជួល សំរាប់ថ្លៃហូបចុក និង តំរូវការប្រើប្រាស់ ផ្សេងៗ។ ជីវិតដូចជាទើបចាប់ផ្តើមរស់ជាថ្មី ឃាសប្បាយចិត្តណាស់ ដើរផង ច្រៀងលេងតិចៗផង សូម្បីតែចូលបន្ទប់ទឹក ចន្ទ និងបុប្ផាជំនុំគ្នាលួចសើចខ្សឹបៗ ដោយសោមនស្ស នឹង បរិយាកាស ដ៏ល្អនេះ។
ជីវិតជាកូនអ្នកក្រ ធ្លាប់ទូលរែកការងារលំបាក រាប់មិនអស់ ដូច្នេះ ស្ថានភាពយ៉ាប់យ៉ឺនយ៉ាងណា ក៏មិនមែនជាបញ្ហាអ្វី សំរាប់យុវជនឃា និង ចន្ទ ជាអតនាគតដែគូជីវិតដែរ។ ឃា ព្យាយាមប្រឹងប្រែង បំពេញការងារ មិនរាថយ សូម្បីថ្ងៃខ្លះ គាត់មិនបានហូបឆ្អែត ឬថ្ងៃខ្លះគាត់ប្រឹងធ្វើការទាំងមានជម្អឺ។ ថ្ងៃដ៏អាសូរមួយ ឃាជាមួយទឹកមុខស្លេកស្លាំង បានកំំពុងបំពេញតួនាទី ដូចគេឯង ស្រាប់តែពេលនោះ មហាជននៅក្បែរនោះបានស្រែកឆោឡោឡើងខ្លាំង ដោយសារតែ គេឃើញយុវជនមួយ ដួលដាច់ផ្ងា ទៅលើដី លែងដឹងស្មារតីអ្វីទាំងអស់។ សំណាងដែរ ថៅកែចិត្តបានអនុញ្ញាត ឲ្យឃា បានសំរាកពីការងារមួយថ្ងៃ ប៉ុន្តែត្រូវ សមីខ្លួនបដិសេធភ្លាមៗ ដោយយល់ថារូបគេអាចនឹងបាត់ បងកំរៃដ៏មានតម្លៃមហិមានេះមិនខាន។ ដោយក្តីអាណិតអាសូរ ថៅកែស្រីសម្បុរស កាត់ចិន បានធ្វើការសំរេចឲ្យកូនឈ្នួលរូបនេះ ឈប់សំរាកដោយមិនកាត់ថ្លៃពលកម្មឡើយ។
ពេលត្រលប់ដល់បន្ទប់ស្នាក់នៅវិញ ឃាបានដើរលបៗចូលក្នុងបន្ទប់ ខណៈពេលដែល ចន្ទកំពុងតែ ចម្អិនម្ហូប ប៉ុន្តែនាងចាប់អារម្មណ៍នឹងឬកពារប្លែកៗរបស់គូស្នេហ៍ នាងសួរម្តងហើយម្តងទៀត ប៉ុន្តែមិន មានចម្លើយពិតប្រាកដឡើយ។ ចន្ទបានព្យាយាមដណ្តើម មើលរបស់អាថ៍កំបាំង នៅពីក្រោយខ្នងឃា តែដោយសារតែនាងមានរាងតូចល្អិត កម្លាំងខ្សោយ នាងមិនអាចយកឈ្នះបានឡើយ។ ដោយនារីជាគូស្នេហ៍ ទទូចម្តងជាពីរដង ឃាក៏បានបង្ហាញ វត្ថុនោះយឺតៗ ដែលនោះ គឺជាមីហិល ៧យ៉ាង ដ៏ជាទីពេញនិយមសំរាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ ភ្លាមៗនោះ ចន្ទហាក់ភ្ញាក់ ផ្អើ់លនិង រំភើប ប៉ុន្តែបន្តិចក្រោយមក នាងបែជាស្តីបន្ទោសថា មិនគួឃាចំណាយប្រាក់ផ្តេសផ្តាស លើរបស់ មិនចាំបាច់អស់នេះ។ ប៉ុន្តែ ឃាបានពន្យល់ និងលួងលោមនាង រហូតនាងព្រមទទួល ហើយពួកគេ ក៏បានស្រុះស្រូបអាហារពេលល្ងាចជាមួយគ្នាយ៉ាងឆ្ងាញ់ពិសារក្រោមបរិយាកាសសែនរីករាយ។ តាមពិត ទៅ ចន្ទ មិនបានទោមនស្សនឹងអ្វីដែលឃាបានទិញមកនោះឡើយ គឺនាងពិតជា រំភើបណាស់ ចំពោះការដូដ៏មានអត្ថន័យ កាលពីមុន ដោយសារតែភាពក្រីក្រ កុំថាឡើយទាខ្វៃ សូម្បីមីហិល៧យ៉ាង តម្លៃសមរម្យល្មម ក៏នាងមិនហ៊ានប្រាថ្នាឡើយ។ ចន្ទបានរៀបរាប់ រឿងរ៉ាវ កំសត់ៗនេះ ទាំងទឹកភ្នែកប្រាប់ ទៅឃាជាគូស្នេហ៍ ស្តាប់បណ្តើរ ដៃឱបសង្សារបណ្តើរ ឃាចាប់ ផ្តើមរំជួលចិត្ត ទឹកភ្នែករលីងរលោង ហើយទាំងពីរនេះ ក៏បានយំព្រមៗគ្នា។
សូមរង់ចាំភាគបន្ត....!
Hi every one, I will sell this song. If all of you are interested please contact me.
ReplyDelete