តើនយោបាយស៊ីសាច់ឯង នៃរបបយោធាផ្ដាច់ការមីយ៉ាន់ម៉ា នឹងដើរដល់ទីអវសាននៅពេលណា?
គិតមកដល់ថ្ងៃនេះ មានរយៈពេលប្រហែល៣ខែមកហើយ នៃព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងសហព័ន្ធសហាភាពមីយ៉ាន់ម៉ា។ មេដឹកនាំកំពូលៗ របស់រដ្ឋាភិបាលភូមា ដែលរួមមាន លោកស្រី អង់ សានស៊ូជី( Aung San Suu Kyi), លោកប្រធានាធិបតី វីន មីន (Win Myint) ក៏ដូចជា មន្រ្តីរដ្ឋការនៃ រដ្ឋាភិបាលស៊ីវិល និងសមាជិកសមាជិកា ដោយរាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់មេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានក្រុមយោធា និងប៉ូលីសចាប់ខ្លួនជាបន្តបន្ទាប់។ រដ្ឋប្រហារដ៏គួរឲ្យស្អប់ខ្ពើម ក្នុងផ្នត់គំនិត អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ នាសតវត្សទី២១នេះ បានចាប់ផ្ដើមឡើងដោយស្ងៀមស្ងាត់ ពោលគ្មានការផ្ទុះអាវុធ និងគ្មានការបង្ហូឈាមអ្វីឡើយ។ ទោះបីយ៉ាងណាក៏ដោយ រំលងបានតែមួយថ្ងៃ ឬពីរថ្ងៃ ពលរដ្ឋភូមា ដែលទើបតែស្គាល់រសជាតិជីវិតក្នុង សង្គមលទ្ធិប្រជាធិបតេយ្យ ទើបតែបានប្រហែល១០ឆ្នាំ ចេញមកប្រឆាំងភ្លាមៗ ចំពោះអំណាចយោធា ដោយពួកគេមិនព្រមអោបដៃឈមើល ប្រទេសជាតិវិលទៅរករបបផ្ដាច់ការ ដូចក្នុងអតីតកាលសាជាថ្មីឡើយ។ ជាការពិតណាស់ តាមរយៈរដ្ឋប្រហារ ដែលមតិសាធារណៈទូទៅ ចាត់ទុកថាជាការប្លន់អំណាច ប...